អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ ៥តោន, ទឹកបរិសុទ្ធដបធំ ៥០កេស, មី ១០០កេស, អំបុក ២០០កញ្ចប់, កន្សែងពោះគោ ១០០, បន្លែគ្រប់មុខ ៤៥០គីឡូក្រាម, នំបារាំង ១០០ដុំ, នំសាំងវ៉ិចគៀប ៥កេសធំ និងនំដំឡូងបង្គាស្រស់ ៥កេសធំ។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថាពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត ក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់ ៕















